About Me

ហេតុអ្វីអាមេរិកបារម្ភរឿងរុស្ស៊ីបាញ់បង្ហោះផ្កាយរណបអ៊ីរ៉ង់?


 កាលពីថ្ងៃអង្គារ ៩សីហា រុស្ស៊ី​បាន​បាញ់បង្ហោះ​ផ្កាយ​រណប​មួយគ្រឿង​របស់​អ៊ីរ៉ង់ ទៅដាក់​ក្នុង​គន្លង​តារាវិថី​ប្រកបដោយ​ជោគជ័យ។ បេសកកម្ម ដែល​ទាំង​រុស្ស៊ី និង​ទាំង​អ៊ីរ៉ង់ សុទ្ធតែ​បាន​នាំគ្នា​គូសបញ្ជាក់ អំពី​ចំណុចរបត់​នៃ​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ នៅ​ក្នុង​វិស័យ​អវកាស។ ក៏ប៉ុន្តែ សហរដ្ឋ​អាមេរិកវិញ​បាន​សម្តែង​នូវ​ក្តីព្រួយបារម្ភ ជុំវិញ​ការណ៍​ដែល​រុស្ស៊ី​បាញ់បង្ហោះ​ផ្កាយរណប​របស់​អ៊ីរ៉ង់នេះ។ តើហេតុអ្វី​បាន​ជា​អាមេរិក​ត្រូវ​បារម្ភ​នឹង​រឿងនេះ?

ការបាញ់បង្ហោះ​ផ្កាយរណប​របស់​អ៊ីរ៉ង់ កាល​ពីថ្ងៃ​អង្គារ​នេះ ត្រូវ​បាន​ធ្វើឡើង ដោយ​ប្រើ​​រ៉ុកកែត​ធុន​សូយូស​របស់​រុស្ស៊ី ​បាញ់ចេញ​ពី​មជ្ឈមណ្ឌល​អវកាស​បៃកូនួរ ដែលស្ថិត​នៅ​ក្នុង​ទឹកដី​កាហ្សាក់ស្ថាន។ ក្រោយ​ពេល​បង្ហោះ ទីភ្នាក់ងារ​អវកាស​រុស្ស៊ីបាន​បញ្ជាក់​​ពី​ជោគជ័យ​នៃ​បេសកកម្ម​នេះ ដោយ​​ផ្កាយរណប​របស់​អ៊ីរ៉ង់​​ត្រូវ​បាន​បង្ហោះ​យក​ទៅដាក់​​ក្នុង​គន្លង​តារាវិថី ទៅតាមអ្វី​ដែលគេ​ចង់បាន។

ថ្លែងពីមជ្ឈមណ្ឌល​អវកាស​បៃកូនួរ ប្រមុខទីភ្នាក់ងារ​អវកាស​រុស្ស៊ី និង​រដ្ឋមន្រ្តី​ក្រសួង​ទូរគមនាគមន៍​អ៊ីរ៉ង់ បាន​នាំគ្នា​គូសបញ្ជាក់ថា ជោគជ័យ​ក្នុងការ​បាញ់បង្ហោះ​ផ្កាយរណប​នេះ គឺ​ជា​ជំហាន​ដ៏​សំខាន់​មួយ នៅ​ក្នុង​ទំនាក់ទំនង​ទ្វេភាគី រុស្ស៊ី-អ៊ីរ៉ង់ ហើយថា វា​​ជា​ការ​បើកផ្លូវ ឆ្ពោះទៅកិច្ចសហប្រតិបត្តិការ​ក្នុង​គម្រោង​ថ្មីៗ និង​ធំៗ​ជាង​នេះ​ទៅទៀត ទៅ​ថ្ងៃ​អនាគត។

ក៏ប៉ុន្តែ ពីរដ្ឋធានីវ៉ាស៊ីងតោន​វិញ រដ្ឋាភិបាលអាមេរិក តាមរយៈ​មន្រ្តី​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ បាន​លើកឡើង​ថា ការពង្រឹង​សម្ព័ន្ធភាព​ រវាង​រុស្ស៊ី និង​អ៊ីរ៉ង់ គឺ​ជា​ការគំរាមកំហែង​ដ៏ធំមួយ ដែល​គួរ​ឲ្យ​បារម្ភ ហើយ​រឹតតែ​គួរ​ឲ្យ​បារម្ភ​ទៅទៀត ដោយសារ​តែ​ផ្កាយរណប​ដែល​រុស្ស៊ី​បាញ់បង្ហោះ​ឲ្យ​អ៊ីរ៉ង់​​នេះ គឺ​ជា​ប្រភេទ​ផ្កាយ​រណប ដែល​អាច​ប្រើ នៅ​ក្នុង​ការ​ឈ្លបយកការណ៍​លើ​ដី។

គួរបញ្ជាក់ថា ផ្កាយរណប​ដែល​រុស្ស៊ី​បាញ់បង្ហោះ​ឲ្យ​អ៊ីរ៉ង់​នៅពេលនេះ​មាន​បំពាក់​ទៅដោយ​កាមេរ៉ា​ទំនើប ដែល​បើទោះជា​មិន​ទំនើប​ដូច​ផ្កាយរណប​អាមេរិក តែ​ទំនើប​ជាង​អ្វី​ដែល​អ៊ីរ៉ង់​ធ្លាប់មាន​ពីមុន ហើយ​ដែល​​អាច​ថតយក​រូបភាព​បាន​ច្បាស់ អាច​ឃ្លាំមើល​ទីតាំង​នៅលើ​ដីបាន។

យោងតាម​ទីភ្នាក់ងារ​អវកាស​អ៊ីរ៉ង់ ផ្កាយរណប​នេះ​នឹង​ត្រូវ​ប្រើ​ក្នុង​គោលដៅ​ស៊ីវិល​តែ​ប៉ុណ្ណោះ គឺ​ប្រើ​ដើម្បី​ឃ្លាំមើល​ព្រំដែន តាមដាន​មើល​ប្រភពទឹក សិក្សា​អំពី​គ្រោះធម្មជាតិ ក៏ដូចជា បង្កើន​ផលិតភាព​ក្នុង​វិស័យកសិកម្ម។

ក៏ប៉ុន្តែ សម្រាប់​អាមេរិក ផ្កាយរណប​ដែល​មាន​បំពាក់​ទៅដោយ​ប្រព័ន្ធកាមេរ៉ា​ទំនើប​ប្រភេទ​នេះ ថ្វីដ្បិត​តែ​អាច​ប្រើ​នៅ​ក្នុង​វិស័យ​ស៊ីវិល តែអាច​ប្រើ​នៅ​ក្នុង​វិស័យ​ចារកិច្ច​យោធា​បាន​ផងដែរ ជាពិសេស គឺ​អាច​ឲ្យ​អ៊ីរ៉ង់​តាមឃ្លាំមើល​ទីតាំង​រសើបៗ​​ នៅ​ក្នុង​ទឹកដី​អ៊ីស្រាអែល ក៏​ដូចជា នៅ​តាម​បណ្តា​ប្រទេស​អារ៉ាប់​ផ្សេងទៀត នៅ​ក្នុង​តំបន់​ឈូងសមុទ្រពែក្ស ដែល​ជា​គូសត្រូវ​របស់​អ៊ីរ៉ង់។

អ្វីដែល​ធ្វើ​ឲ្យ​អាមេរិក​កាន់តែ​​មាន​ក្តីកង្វល់​ជាង​នេះ​ទៅទៀត គឺ​បារម្ភ​ខ្លាច​រុស្ស៊ី​ឆ្លៀត​ប្រើ​ផ្កាយរណប​របស់​អ៊ីរ៉ង់​នេះ នៅ​ក្នុង​សង្គ្រាម​អ៊ុយក្រែន។

កាល​ពី​សប្តាហ៍​មុន កាសែត The Washington Post បាន​ចុះផ្សាយ ដោយ​ដកស្រង់​ប្រភព​មន្រ្តី​ចារកិច្ច​អាមេរិក​​ពីររូប ដែល​សុំ​មិន​បញ្ចេញឈ្មោះ​ថា ផ្កាយរណបដែល​រុស្ស៊ី​បាញ់បង្ហោះ​ឲ្យ​អ៊ីរ៉ង់​​នេះ ក្រោយ​ពី​បង្ហោះ​យក​ទៅ​ដាក់​ក្នុង​គន្លង​តារាវិថី​រួចហើយ អ៊ីរ៉ង់​នឹង​មិន​ទាន់​អាច​គ្រប់គ្រង​ផ្កាយ​រណប​នេះ​បាន​ភ្លាមៗ​នោះទេ ដោយរុស្ស៊ី​គ្រោង​នឹង​ប្រើ​ផ្កាយរណប​នេះ​ជា​បណ្តោះអាសន្ន ក្នុងរយៈពេល​ជាច្រើន​ខែ ឬ​ក៏​អាច​យូរ​ជាងនេះ​ទៅទៀត ដើម្បី​ជួយ​បង្កើន​សមត្ថភាព​​កងទ័ព​រុស្ស៊ី ក្នុង​ការ​ឃ្លាំមើល​​​ទីតាំង​យោធា នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

គួររំឭកឡើងវិញ​ថា កាល​ពីខែមុន មន្រ្តី​អាមេរិក​ក៏​ធ្លាប់​បាន​ឲ្យដឹង​ផងដែរ​ថា អ៊ីរ៉ង់​បាន​ស្នើ​ផ្តល់​​​ដ្រូនឈ្លបយកការណ៍​ធុន​ទំនើប​របស់​ខ្លួន​​ទៅ​ឲ្យ​រុស្ស៊ី ដើម្បី​ជួយ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​អ៊ុយក្រែន ក្នុងពេល​ដែល​​រុស្ស៊ី​កំពុងតែ​ប្រឈម​នឹង​ទណ្ឌកម្ម​លោកខាងលិច ហើយ​មិន​អាច​​នាំចូល​បច្ចេកវិទ្យាយោធា​ទំនើបៗ​បាន។

ទាក់ទង​នឹង​ការ​ចុះផ្សាយ​របស់​កាសែត The Washington Post ជុំវិញ​គម្រោង​ប្រើ​ផ្កាយរណប​អ៊ីរ៉ង់​បណ្តោះអាសន្ន​ដោយ​រុស្ស៊ី​នោះ រដ្ឋាភិបាល​រុស្ស៊ី​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ណាមួយ​ឆ្លើយ​បមកវិញ​នោះទេ។ ក៏ប៉ុន្តែ ពី​ខាង​អ៊ីរ៉ង់​វិញ ក្រៅពី​បាន​បដិសេធចំពោះ​ការ​លើកឡើង​​ថា ផ្កាយរណប​ដែល​បាញ់បង្ហោះ​ដោយ​រុស្ស៊ី​នេះ គឺ​ជា​ផ្កាយរណប​ស៊ើបការណ៍ ទីភ្នាក់ងារ​អវកាស​អ៊ីរ៉ង់​​ក៏​បាន​អះអាង​ផងដែរ​ថា អ៊ីរ៉ង់​នឹង​ទទួល​គ្រប់គ្រង​ផ្កាយរណប​នេះ​ភ្លាមៗ ក្រោយ​ពេល​បាញ់បង្ហោះ​ទៅដាក់​ក្នុង​គន្លងតារាវិថីរួច ដោយ​មិនមាន​​ការ​ពន្យារពេល​ណាមួយ​នោះទេ ហើយថា ទិន្នន័យ ដែល​បញ្ជូន​ពី​ផ្កាយ​រណប​នេះ​ទៀតសោត ក៏​​មាន​​ប្រព័ន្ធ​ការពារ​សន្តិសុខ​​យ៉ាង​រឹងមាំ​ផងដែរ ដោយ​មិន​អាច​ឲ្យ​ប្រទេស​ផ្សេង​ណាមួយ​ចូល​មើល​បាន​នោះទេ៕

Post a Comment

0 Comments