About Me

ចិន​ចាប់ផ្តើម​សមយុទ្ធដ៏ធំ​មិន​ធ្លាប់មាន​នៅ​ជុំវិញកោះ​​តៃវ៉ាន់


 
  ចិន​បានបាញ់​មីស៊ីល​បាឡេស្ទីក​ជាច្រើន​គ្រាប់ នៅក្នុងសមយុទ្ធ​ទ្រង់ទ្រាយ​ធំ​ នៅក្បែរ​កោះតៃវ៉ាន់។ ព័ត៌មាន​នេះបញ្ជាក់​ដោយ​មន្ត្រីជាន់​ខ្ពស់​ទទួល​បន្ទុក​ការពារ​ជាតិ​តៃវ៉ាន់ ហើយ តៃវ៉ាន់ បាន​ចាត់ទុក​ទង្វើ​របស់​ចិន​នេះថា​ខ្វះការ​ពិចារណា​សមហេតុផល និង​រំលោភច្បាប់​អន្តរជាតិ។ ទោះជាម្តេចក្តី ចិន​អះអាងថា​ខ្លួន​នឹង​បន្ត​ធ្វើ​សមយុទ្ធ​បន្តទៀត ចំនួន​៤ថ្ងៃ រហូត​ដល់​ថ្ងៃ​អាទិត្យ​។ នេះ​ក៏សឲ្យ​​ឃើញ​ជាក់ស្តែង​ ថា របបក្រុង​ប៉េកាំង ​កំពុងតែ​វាយ​បក​ចំពោះការ​រឹងត្អឹងរបស់​លោកស្រី ណាន់ស៊ី ពេឡូស៊ី (Nancy Pelosi) និងការ​គ​ឃ្លើន​របស់​តៃវ៉ាន់​ដែល​ហ៊ាន​ទទួល​ប្រធាន​សភាអាមេរិករូបនេះ​ កាលពី​ថ្ងៃអង្គារនិងថ្ងៃពុធ។ ចំពោះរឿងនេះ​ ចិន​ធ្លាប់បាន​ព្រមាន​ហើយថា​ «កុំ​ប្រលែង​លេង​នឹង​ភ្លើង»។​

​សមយុទ្ធយោធាដ៏ធំ​ ​នៅ​កៀកមែនទែន​ពីកោះ​តៃវ៉ាន់ គឺ​ចម្ងាយ​តែ​២០គីឡូម៉ែត្រ​ប៉ុណ្ណោះ។

«​អ្នក​យុទ្ធសាស្ត្រ​​​កត់​សម្គាល់ឃើញ​ថា សមយុទ្ធយោធា​ចិន​លើកនេះ គឺ​ធំ​សម្បើម​ជាង​ពេល​ណាៗ​ទាំងអស់​ និងមិនដែល​ធ្លាប់​មាន​ពីមុន ពីព្រោះថា ចិន​មិនដែល​បាញ់​មីស៊ីល​ហោះ​ពីលើ​កោះតៃវ៉ាន់​ឡើយ ទើបតែ​ពេល​នេះ ជាលើកទី១ហើយ»។​ នេះបើតាម​កាសែតប្រចាំថ្ងៃ Global Times ចំណុះ​ឲ្យ​របបក្រុង​ប៉េកាំង​ ​និង​បាន​លើកឡើងថែមទៀត ​ក្នុង​សំនួន​បែប​ជាតិ​និយម​ចិនថា «នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​យោធា​ចិន​នឹង​បាញ់​គ្រាប់​ពិត និង​ការ​បាញ់​កាំភ្លើង​ធំ​រយៈ​ចម្ងាយ​ឆ្ងាយ​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់»។

ទន្ទឹម​នឹង​គ្នា​នេះ ទីភ្នាក់​ព័ត៌មាន​បារាំង​AFP បាន​ស្រង់​ប្រភព​ពី​មន្ត្រី​យោធាចិនមកបញ្ជាក់ដែរថា «ប្រសិន​បើ​កង​កម្លាំង​យោធាតៃវ៉ាន់​ ចេញ​មក​តទល់​ ហើយ​ប៉ះទង្គិច​នឹង​កម្លាំង​យោធាចិន គឺ តៃវ៉ាន់​ នឹង​រង​ផលវិបាក​ជាមិនខាន»។​

តាម​កាសែត​ផ្លូវការ​របស់រដ្ឋ​ចិន Chine Nouvelle, «សមយុទ្ធ​នេះ គឺ​វាយសង្គ្រប់​​ហ៊ុំព័ទ្ធ​ពីគ្រប់ទិសទី ដោយ​ត្រូវ​​វាយប្រហារគោលដៅនៅសមុទ្រ វាយប្រហារលើដី និងគ្រប់គ្រងដែនអាកាស។»​

របបក្រុង​ប៉េកាំង ​បើក​សមយុទ្ធយោធា​ចិន ទ្រង់​ទ្រាយ​ធំ ចំនួន​៦តំបន់​ នៅ​ជុំវិញ​កោះ​តៃវ៉ាន់​ ពិសេស​ត្រង់​ចំណុច​ដែល​មាន​ចរាចរណ៍នាវា​​ពាណិជ្ជកម្ម​ផង ដែលចិន ថា​សមយុទ្ធយោធាចាប់ផ្តើម​និង​បន្ត​រហូត​ដល់​ថ្ងៃអាទិត្យ​ ចំនួន​បួន​ថ្ងៃ​។​ ​ទូរទស្សន៍ចិន CCTV បញ្ជាក់​ដែរថា ក្នុង​អំលុងពេល​ធ្វើ​សមយុទ្ធនេះ គេ​ហាម​ឃាត់​គ្រប់​នាវា​ដឹកជញ្ជូននិង​យន្ត​ហោះ ​​​មិនធ្វើ​ដំណើរ​​ឲ្យ​ចូល​ទៅតំបន់​ដែន​ទឹក​និងដែន​អាកាស​ដែល​ពាក់ព័ន្ធ​នឹង​សមយុទ្ធនោះឡើយ ព្រោះ​អាច​មាន​គ្រោះថ្នាក់​។

​អ្នក​ស្រី Hua Chunying អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន បាន​សង្កត់​ធ្ងន់​ថា «​​សហរដ្ឋអាមេរិក​ដែល​ជាអ្នក​ញ៉ុះ​ញង់​អុជអាល ហើយ​ចិន​ជាអ្នក​រងគ្រោះ​ ចិន​គឺ​ឋិត​នៅក្នុង​សភាព​ប្រុងជើការ​ការពារ​ខ្លួន។» សម្តីនេះ យើង​អាច​យល់បាន​ថា ចិន​ ចង់​ដាក់​ផ្លែផ្កា​ ចំពោះ​​ដំណើរ​ទស្សនកិច្ច​របស់ប្រធានសភាអាមេរិក លោកស្រី ណាន់ស៊ី ពេឡូស៊ី (Nancy Pelosi) នៅ​តៃវ៉ាន់ នា​ពេល​ថ្មីៗនេះ។​

ពីភាគី​តៃវ៉ាន់, «​តំបន់​ខ្លះ​ដែល​ចិន​ធ្វើ​សមយុទ្ធ គឺ​នៅលើ​ដែន​ទឹក​ របស់​តៃវ៉ាន់​តែម្តង»។ នេះ​ជា​ការ​អះអាង​របស់​ វរសេនីយ៍ឯក  Sun Li-fang អ្នក​នាំពាក្យ​​ក្រសួង​​ទទួល​បន្ទុក​ការពារជាតិ​តៃវ៉ាន់ និងដែល​បាន​ថ្កោលទោស​ចិន​ថា «នេះ​សកម្មភាព​គ្មាន​ហេតុផល និង​ដែល​បំពាន​លើ​និយាម​ច្បាប់​អន្តរជាតិ។​»

​ការ​បិទផ្លូវ​លោមព័ទ្ធ ​ជុំវិញតៃវ៉ាន់ ​ គឺបិទដល់​៦ច្រក​​​។ ​

​​​តៃវ៉ាន់ ជា​ច្រ​ក​ផ្លាស់ប្តូរ​ទំនិញ​ដ៏សំខាន់​មួយ ដែល​តភ្ជាប់ពី ពិភពលោក ​ទៅកាន់​បណ្តា​រោងចក្រ​បង្គុំ​ និង​រោង​ចក្រ​ឧស្សាហកម្ម​ថាមពល​នៅ​អាស៊ីអាគ្នេយ៍​ ហើយ​ក៏​ជា​កន្លែង​ដឹកជញ្ជូន​ថាមពល​ឧស្ម័ន​ដែរ​។ បើ​តាម​​ទិន្នន័យ​របស់​ Bloomberg, រយៈ​ពេល​៧ខែ​ក្នុង​ឆ្នាំនេះ គឺ ​ ​​ស្ទើរតែនាវាដឹកកុងតឺន័រ ស្ទើរតែ​ពាក់កណ្តាល​នៃពិភពលោក បាន​ឆ្លង​កាត់​​កោះ​​តៃវ៉ាន់។​​

អ្នក​ជំនាញ​សេដ្ឋកិច្ច Nick Marro វិភាគ​មើលថា ការ​បិទ​ច្រកដឹកជញ្ជូន​ទំនិញ​ ច្រកពាណិជ្ជកម្ម​នេះ ទោះបី​ជា​បិទ​រយៈ​ពេល​ខ្លី​ក៏ដោយ ក៏វា​​ច្បាស់​​ជា​ប៉ះពាល់​លំហូរ​ពាណិជកម្ម​ មិន​ថាតែនៅតៃវ៉ាន់ ទេ តែ​វា​ប៉ះពាល់​ដល់​ ជប៉ុន និង​កូរ៉េខាងជើង ថែម​ទៀត។ ​

ភ្លាមៗ ទីផ្សារភាគហ៊ុន​ របស់​ក្រុមហ៊ុន​ដឹកជញ្ជូនតៃវ៉ាន់ បាន​ស្រក​ចុះ​ជាង១% ហើយ​ខាត​តម្លៃ​អស់​៤ ,៦% នៃ​តម្លៃភាគហ៊ុន​ក្នុង​សប្តាហ៍។ ក្រុម​ហ៊ុន​ដឹកនាំ​ជញ្ចូន​ខ្លះ បាន​បង្វែរ​គោល​ដៅ ទៅរក​ការ​ចុះ​ចត​នៅ​សមុទ្រ​របស់​ហ្វីលីពីន​វិញ។

​ការ​ដឹកជញ្ជូន​ផ្លូវ​អាកាស​វិញ សមយុទ្ធ​របស់​ចិត្ត គឺ​​​ធ្វើ​ឲ្យ​ជើង​ហោះហើរយន្តហោះ ប្រមាណ​៤០០ ត្រូវ​​បិទ​ សម្រាប់​ការ​ហោះហើរ​ជាមួយ​ ចិន។ រីឯ ​ជើង​ហោះហើរ​តៃវ៉ាន់​និង​អន្តរជាតិ វិញ  គឺចំនួន​១៨ ក៏​ត្រូវរងផលប៉ះពាល់​ដែរ។

​ម្យ៉ាងវិញទៀត ​ការវាយប្រហារក៏ចាប់​មាន​ឡើងដែរ ​តាម​ព័ត៌មាន​វិទ្យា។  ក្រសួង​ការពារជាតិតៃវ៉ាន់ បញ្ជាក់​ថាគេហទំព័ររបស់គេ​ជាច្រើន​ រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធ័រនែត។

ទោះយ៉ាងណាក្តី លោក James Char  អ្នក​ស្រាវជ្រាវ​​ម្នាក់ នៅ​សិង្ហបុរី (សាលា​អន្តរជាតិ S. Rajaratnam) បាន​ប្រមើល​មើលថា «ចិន​ទំនង​ជា​មិន​បិទ​ខ្ទប់​តៃវ៉ាន់​យូរទេ។ នេះ​បើ​ពិនិត្យ​ទៅជ្រុង​សេដ្ឋកិច្ច ព្រោះថា សេដ្ឋកិច្ច​ចិន​បាន​រងទុក្ខ​ដោយសារ​ជំងឺ​កូវីដ​មួយ​ជាន់​ហើយ បើ​បិទខ្ទប់​តៃវ៉ាន់​ដែល​ជាច្រក​ចេញចូល​ទំនិញ​ដ៏​សំខាន់​មួយទៀតនោះ នោះ​ក៏​វា​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ចិន​ខ្លួន​ឯង​ដែរ។» ការយល់ឃើញនេះ ស្រដៀង​គ្នា​នឹង អ្នក​សិក្សា​​ Natasha Kassam នៃវិទ្យាស្ថាន​ think-tank - Lowy Institute នៅអូស្ត្រាលី ដែរថា «ការ​បិទខ្ទប់ការ​ដឹកជញ្ជូន​មនុស្សនិងទំនិញ ហើយ​និង​បិទ​លំហូរពាណិជ្ជក​ម្ម​ក្នុង​តំបន់​​ គឺមិនផ្តល់​ប្រយោជន៍​ដល់​ក្រុងប៉េកាំង​​​ទេ។​»

អាស៊ាន មិននៅ​សម្ងំ​ស្ងៀម​ឡើយ។

អាស៊ាន ស្នើសុំ​ឲ្យ​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​នៅ​កោះតៃវ៉ាន់​។​ អាស៊ាន​ បាន​សម្តែងក្តីព្រួយបារម្ភ​ពី​ហានិភ័យ​ដែល​នឹង​កើតឡើង ដចេញ​​ពី​ភាព​តាន់​តឹង​​នៅ​កោះតៃវ៉ាន់​ ដែល​អាច​នឹង​ឈាន​ទៅដល់​ការ​វិនិច្ឆ័យ​ខុស​, ឈាន​ដល់​ការប្រឈមមុខ​ដាក់គ្នា​មែនទែន ឬឈានទៅ​រក​ជម្លោះដែល​មើល​មិនឃើញ​​ និង​បង្កគ្រោះថ្នាក់​ធំ​។​

កិច្ចប្រជុំ​នៅភ្នំពេញ​ ដែល​មាន​ រដ្ឋមន្ត្រីការបរទេស​ចិន និង ប្រមុខ​ការទូត​សហរដ្ឋអាមេរិក ក៏​មក​ចូលរួម​ដែរ ត្រូវ​ អាស៊ាន​ អះអាង​ថាត្រៀម​ខ្លួន​ជាស្រេច​សម្រាប់​សម្របសម្រួល​ឲ្យមាន​ការ​ជជែកគ្នា​ដោយស​ន្តិភាព​ រវាងគ្រប់ភាគី៕​

Post a Comment

0 Comments