មានអ្នកខ្លះគិតថា មនុស្សយើងគួរស្វែងរកភពថ្មី ដើម្បីធ្វើជាជម្រកបន្ថែមពីលើផែនដី ចៀសវាងរស់នៅកន្លែងតែមួយ នាំឲ្យពូជមនុស្សត្រូវប្រឈមនឹងការស្លាប់ផុតពូជ ដោយហេតុការណ៍ដែលយើងមិនអាចទប់ទល់បាន ដូចជា ការបុកទង្គិចជាមួយអាចម៍ផ្កាយជាដើម។ នៅក្នុងបច្ចេកវិទ្យាដែលយើងមានបច្ចុប្បន្ន គេសំឡឹងឃើញមានតែភពអង្គារមួយប៉ុណ្ណោះ ដែលអាចមានអំណោយផលជាងគេ ហើយអ្នកខ្លះថែមទាំងមានគម្រោងបញ្ជូនមនុស្សទៅរស់នៅលើនោះថែមទៀត។ ក៏ប៉ុន្តែ សួរថា តើភពអង្គារនេះពិតជាមានលក្ខខណ្ឌអំណោយផល ដែលអាចឲ្យមនុស្សយើងទៅរស់នៅបានមែនឬក៏យ៉ាងណា?
នៅក្នុងបច្ចេកវិទ្យាដែលមនុស្សយើងមានសព្វថ្ងៃនេះ បើចង់ធ្វើដំណើរចេញពីប្រព័ន្ធព្រះអាទិត្យទៅប្រព័ន្ធផ្កាយផ្សេង វាគឺជារឿងស្មុគស្មាញខ្លាំង ដែលពិបាកនឹងអាចទៅរួច។ ដូច្នេះ លទ្ធភាពបច្ចុប្បន្ន គឺមានត្រឹមតែនៅក្នុងប្រព័ន្ធព្រះអាទិត្យនេះប៉ុណ្ណោះ។
បើគិតតែក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងនេះ យើងឃើញថា ភពអង្គារ គឺអាចរាប់ថាជាភពដែលមានលក្ខខណ្ឌអំណោយផលជាងគេ សម្រាប់ធ្វើជាទីជម្រកទីពីររបស់មនុស្សយើង។
ក៏ប៉ុន្តែ សួរថា តើមនុស្សយើងពិតជាអាចរស់នៅលើភពអង្គារបានមែនឬក៏យ៉ាងណា? លក្ខខណ្ឌអាចមានអំណោយផល បើធៀបនឹងភពផ្សេងទៀត ក៏ប៉ុន្តែ បើធៀបនឹងលក្ខខណ្ឌនៃជីវិត ដែលយើងមានលើភពផែនដីរបស់យើងនេះវិញ វាគឺជារឿងផ្សេង។
ភពអង្គារគឺជាភពហួតហែង គ្មានទឹករាវនៅលើដី ដែលអាចឲ្យមនុស្សយកមកប្រើប្រាស់បាននោះទេ ចំណែកស្រទាប់បរិយាកាសវិញមានយ៉ាងស្តើងបំផុត គឺមានត្រឹមតែប្រមាណជា ១% ប៉ុណ្ណោះនៃស្រទាប់បរិយាកាសផែនដី។ ស្រទាប់បរិយាកាសស្តើង បូករួមជាមួយនឹងកម្លាំងទំនាញក៏ខ្សោយ (ត្រឹមប្រហែល ៤០% នៃកម្លាំងទំនាញផែនដី) សម្ពាធបរិយាកាសនៅលើដីភពអង្គារក៏មានកម្រិតយ៉ាងសែនទាបផងដែរ គឺទាបជាងសម្ពាធនៅលើភពផែនដីរហូតដល់ទៅ ១០០ដងឯណោះ។
លើសពីនេះទៅទៀត បរិយាកាសនៅលើភពអង្គារនេះទៀតសោត មិនមានអុកស៊ីសែនឲ្យយើងដកដង្ហើមបាននោះដែរ ដោយនៅក្នុងខ្យល់លើភពអង្គារ មានរហូតដល់ទៅ ៩៥% គឺជាឧស្ម័នកាបូនិក។
និយាយពីសីតុណ្ហភាពវិញ ភពអង្គារមានសីតុណ្ហភាពត្រជាក់ខ្លាំង បើធៀបនឹងភពផែនដីរបស់យើង ដោយសីតុណ្ហភាពខ្ពស់បំផុតអាចមានត្រឹម ២០អង្សា ចំណែកត្រជាក់បំផុត អាចចុះរហូតដល់ទៅ -១២០អង្សាឯណោះ ហើយបើគិតជាសីតុណ្ហភាពមធ្យម គឺក្នុងរង្វង់ -៦០អង្សា (សីតុណ្ហភាពមធ្យមលើភពផែនដីរបស់យើង គឺ ១៥អង្សា)។
ម្យ៉ាងទៀត ការប្រែប្រួលនៃសីតុណ្ហភាព រវាងពេលថ្ងៃ និងពេលយប់ នៅលើភពអង្គារ ក៏មានគម្លាតគ្នាយ៉ាងដាច់ឆ្ងាយផងដែរ ដោយនៅក្នុងអំឡុងរដូវក្តៅ នៅតំបន់អេក្វាទ័រលើភពងអង្គារ សីតុណ្ហភាពពេលថ្ងៃអាចឡើងដល់ ២០អង្សា ចំណែកពេលយប់អាចចុះត្រជាក់រហូតដល់ទៅ -៧០អង្សា។
ការគំរាមកំហែងដ៏ធំមួយទៀត នៅលើភពអង្គារ គឺវិទ្យុសកម្មមកពីព្រះអាទិត្យ ពីព្រោះថា ភពអង្គារ ក្រៅពីមានស្រទាប់បរិយាកាសស្តើង គឺគ្មានខែលម៉ាញេទិកជាខែលការពារ ដូចជានៅលើភពផែនដីរបស់យើងនោះទេ។ វិទ្យុសកម្មពីព្រះអាទិត្យនេះ អាចបង្កនូវផលប៉ពាល់ទាំងចំពោះឧបករណ៍ប្រើប្រាស់ ជាពិសេស ប្រព័ន្ធអេឡិចត្រូនិច ហើយជាពិសេស គឺបង្កនូវផលប៉ះពាល់ទៅដល់ជីវិត ទាំងអាយុជីវិតរបស់មនុស្ស និងទាំងជីវិតសត្វ រុក្ខជាតិ ដែលជាធនធានចាំបាច់ សម្រាប់ការរស់នៅរបស់មនុស្សយើង។
0 Comments