មេបញ្ជាការ​កងទ័ព​អង់គ្លេស​ទាត់ចោល​ពាក្យចចាមអារ៉ាម​ស្តីពី​សុខភាព​របស់​លោកពូទីន

ពាក្យចចាមអារ៉ាម​ដែល​ថា លោក​ប្រធានាធិបតី​រុស្ស៊ី ពូទីន​មានជំងឺប្រចាំកាយ ឬ​ថា លោកពូទីន​អាច​នឹង​ត្រូវ​គេលប​ធ្វើឃាតសម្លាប់។ ទាំងនោះ​គឺគ្រាន់តែ​ជា​ការគិតស្រមើស្រមៃ​តែប៉ុណ្ណោះ។ នេះ​បើតាម​ការអះអាង​របស់​ប្រធានសេនាធិការ​កងទ័ពអង់គ្លេស លោក​Tony Radakin នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍អង់គ្លេស BBC កាលពីថ្ងៃ​អាទិត្យម្សិលមិញ។ តាម​មេបញ្ជាការ​កងទ័ពអង់គ្លេស កងទ័ព​អ៊ុយក្រែន​ជឿជាក់យ៉ាងខ្លាំងថា នឹង​អាច​ប្រយុទ្ធយក​ឈ្នះសង្រ្គាមឈ្លានពាន ដែល​​រុស្ស៊ី​បាន​ចាប់ផ្តើម​ជាង​៥ខែមកហើយ នៅ​ទឹកដីអ៊ុយក្រែន។

តាមការវាយតម្លៃ​របស់​កងទ័ពអង់គ្លេស នៅ​ក្នុង​សង្រ្គាម​ឈ្លានពានអ៊ុយក្រែន​ជាង​៥ខែមកនេះ រុស្ស៊ី​បាន​បាត់បង់​កម្លាំង​ប្រយុទ្ធ​របស់ខ្លួន​ប្រមាណ ៣០% នៅក្នុង​សមរភូមិ​ជើងគោក។ មានន័យថា កងទ័ព​រុស្ស៊ី​ប្រមាណ ៥ម៉ឺននាក់​បាន​ស្លាប់ ឬរងរបួស ចំណែក រថក្រោះ ១៧០០គ្រឿង និង​រថពាសដែក ជិត ៤០០០គ្រឿង របស់រុស្ស៊ី ត្រូវ​បំផ្លាញ នៅក្នុង​សមរភូមិ​ប្រយុទ្ធ នៅ​ទឹកដី​អ៊ុយក្រែន។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍BBC ​មេបញ្ជាការ​កងទ័ពអង់គ្លេស លោក​Tony Radakin​បាននិយាយថា រុស្ស៊ី​បាន​ថមថយកម្លាំងទ័ពជើងគោក​នៅក្នុង​សង្រ្គាម​អ៊ុយក្រែនមែន ប៉ុន្តែ គេ​ត្រូវយល់​ថា រុស្ស៊ី​នៅតែ​ជា​មហាអំណាច​នុយក្លេអ៊ែរ ដែលមាន​សមត្ថភាពធ្វើ​សង្រ្គាម​ព័ត៌មានវិទ្យា មាន​មធ្យោបាយ​ក្នុងទីអវកាស និង​មាន​កម្មវិធី​ពិសេស នៅក្រោម​ទឹកសមុទ្រ​ដែលអាច​គំរាមបំផ្លាញ បណ្តាញ​ខ្សែកាប​ក្រោមសមុទ្រ ដែល​ជា​មធ្យោបាយ​សម្រាប់ការឆ្លើយឆ្លង ទាក់ទងគ្នា នៅ​ជុំវិញ​ពិភពលោក។

រុស្ស៊ី​នៅតែ​មហាអំណាចនុយក្លេអ៊ែរ​មិនអាចប្រកែកបាន ហើយ​លោក​ពូទីន​ក៏នៅតែ​ជា​មេដឹកនាំ​ដ៏មានអំណាច​នៅរុស្ស៊ី យូរឆ្នាំទៅមុខទៀត។ នៅត្រង់ចំណុចនេះ មេបញ្ជាការទ័ពអង់គ្លេស​បានទាត់ចោល​ពាក្យចចាមអារ៉ាមទាំងឡាយ​ដែលថា លោក​ពូទីន​កំពុងមានជំងឺប្រចាំកាយ ឬ​ថា ប្រធានាធិបតី​រុស្ស៊ី អាច​ត្រូវ​គេ​លបធ្វើឃាត និង​ថា លោកពូទីន​អាច​ត្រូវ​គេ​ផ្តួល​ចេញពីអំណាច ដោយសារ​នយោបាយធ្វើ​សង្រ្គាមនៅអ៊ុយក្រែន។

តាម​ប្រធានសេនាធិការកងទ័ពអង់គ្លេស ក្នុងនាមជា​អ្នកបម្រើការ​នៅក្នុង​ជួរកងទ័ព លោក​មើលឃើញ​ស្ថិរភាពនយោបាយ នៅក្នុង​របប​លោក​ពូទីន ព្រោះថា លោកប្រធានាធិបតី​រុស្ស៊ី​បាន​បង្រ្កាប ក្រុមប្រឆាំង​ឲ្យរាបដល់ដី។ ចំណែក​មន្រ្តី អ្នកមាន​អំណាចរុស្សី​ជាច្រើន​បោះទុន​វិនិយោគ ឈរ​នៅ​ខាងលោក​ពូទីន និង​គ្មាន​អ្នកណាម្នាក់ហ៊ាន​ចេញមុខ​ប្រឆាំង ប្រជែងអំណាច​ជាមួយ លោក​ពូទីននោះ​ទេ។ ដូច្នេះ ពាក្យចចាមអារ៉ាមដែលថា លោកពូទីន មានជំងឺប្រចាំកាយ ឬ​អាច​ត្រូវ​គេលួចធ្វើឃាត គ្រាន់តែ​ជា​ការស្រមើស្រមៃតែប៉ុណ្ណោះ។​

Post a Comment

0 Comments